អគ្គីសនីគឺជាតម្រូវការប្រចាំថ្ងៃមួយដែលស្ទើតែមិនខ្វះបានសម្រាប់មនុស្សនៅក្នុងយុគសម័យថ្មីនេះ ហើយយើងសង្កេតឃើញថា គ្រឿងអេឡិចត្រូនិក និងឧបករណ៍ប្រើប្រាស់ច្រើនប្រចាំថ្ងៃជាច្រើនទៀតដែលដំណើរការដោយប្រើប្រាស់ថាមពលអគ្គីសនី។ ប៉ុន្តែប្រសិនបើគ្មានថាមពលអគ្គីសនីទេមានការងារច្រើនណាស់ដែលត្រូវជាប់គាំង និងមុខរបរខ្លះទៀតមិនអាចដំណើរការបានតែម្តង។

មួយរយ:ពេលចុងក្រោយនេះនៅទីក្រុងភ្នំពេញមានការកង្វះខាតអគ្គីសនីប្រើប្រាស់ស្ទើគ្រប់ទីកន្លែង មូលហេតុនេះហើយទើបនៅក្នុងទីក្រុងភ្នំពេញប្រជាជននាំគ្នាសម្រុកទិញម៉ាស៊ីនភ្លើងសម្រាប់ប្រើប្រាស់ និងសម្រាប់ផ្គត់ផ្គង់ដល់ការងារ ព្រមទាំងអាជីវកម្មរៀងៗខ្លួន ។ កត្តានេះហើយដែលធ្វើអោយតម្លៃម៉ាស៊ីនភ្លើងនៅតាមដេប៉ូ និងក្រុមហ៊ុនលក់ម៉ាស៊ីនភ្លើងនានាមានការឡើងថ្លៃយ៉ាងឆាប់រហ័ស។

ជួបជាមួយ Business Cambodia លោកស្រី ម៉ូនីកា ជាម្ចាស់ដេប៉ូលក់ម៉ាស៊ីនភ្លើងគ្រប់ប្រភេទបានរៀបរាប់ប្រាប់ក្រុមការងារយើងខ្ញុំថា កាលពីមុនតម្លៃម៉ាស៊ីនភ្លើងដែលដេប៉ូរបស់គាត់នាំចូល និងលក់ចេញមានតម្លៃធម្មតាមិនមានការឡើងថ្លៃនោះឡើយ ហើយក៏លក់មិនសូវដាច់ដូចពេលនេះដែរ ។ ប៉ុន្តែនៅពេលដែលប្រទេសកម្ពុជាឈានចូលរដូវក្តៅមួយរយ:ចុងក្រោយនេះការប្រើប្រាស់អគ្គសនីមានកំណើនច្រើន ដូច្នេះហើយអគ្គសនីមិនអាចផ្គត់ផ្គង់គ្រប់គា្រន់ឡើយទើប ប្រជាជននាំគ្នាសម្រុកទិញម៉ាស៊ីនភ្លើងរហូតដល់អស់ពីស្តុក។ ហើយម្យ៉ាងទៀតម៉ាស៊ីនភ្លើងដែលត្រូវកុម្ម៉ង់ទិញពីបរទេសភ្លាមៗក៏មានតម្លៃថ្លៃខុសពីការកុម្ម៉ង់តាមធម្មតា ពោលគឺចង់ទិញចូលលឿនគឺត្រូវចំណាយអស់ច្រើន ទើបធ្វើអោយដេប៉ូជាច្រើនក្នុងក្រុងភ្នំពេញ មិនថាតែដេប៉ូលោកស្រីឡើយ គឺនាំគ្នាតម្លើងថ្លៃទៅតាមតម្លៃនាំចូលផងដែរ ។

លោកស្រីក៏បានផ្តាំផ្ញើទៅដេប៉ូផ្សេងៗទៀតសូមកុំឆ្លៀតឧកាសពេលដាច់ភ្លើង បែជានាំគ្នាតម្លើងថ្លៃម៉ាស៊ីនភ្លើងជ្រុលហួសហេតុពេក កុំចង់ចំណេញឆាប់ ដោយគ្មានចិត្តអាណិតអាសូដល់អតិថិជន។ ហើយបើយើងលក់កោរគេ ឬយកថ្លៃហួសហេតុគេទិញតែម្តងនេះទេលើកក្រោយគេឈប់ចូលទិញទៀតហើយ ព្រោះយើងរកស៊ីមិនមែនតែមួយរយ:ដាច់ភ្លើងនេះទេគឺរកមួយជីវិត ដូច្នេះត្រូវគិតអោយបានវែងឆ្លាយ កុំចង់ចំណេញ ប្រយ័ត្នដាច់ចំណង។

អត្ថបទដោយ នេន សុធា​ (Leadership Writer) 

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES