កំណើនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលជាហេតុធ្វើអោយតម្រូវការប្រើប្រាស់ទឹកស្អាតមានការកើនឡើងយ៉ាងគំហុក ។

ស្របពេលនេះដែល រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននឹងកំពុងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន ដែលមានសមត្ថភាពផលិតទឹក ៥២,០០០ម៉ែត្រគូប/ថ្ងៃ បច្ចុប្បន្ននេះការងារសាងសង់បានប្រមាណ ៦០% និងគ្រោងដាក់អោយដំណើរការនា ខែតុលា ឆ្នាំ២០១៩នេះ។

បើយោងតាម សារព័ត៌មានទូរស្សន៍បាយ័ន បានឲ្យដឹងថា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ បានបញ្ជាក់​ថា ​ប​ញ្ហា​កង្វះខាត​ទឹក​កើតឡើង​ដោយសារ​រដូវ​ក្ដៅ​តម្រូវការ​ទឹក​កើនឡើង ​ខណៈដែល​ មានការ​ពង្រីក​បណ្ដាញ​ចែកចាយ​ទៅកាន់​តំបន់​អភិវឌ្ឍន៍​ជាយក្រុង​។

ឯកឧត្តម ស៊ឹម ស៊ីថា ដែលជាអគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បានឲ្យដឹងថាសមត្ថភាព​ផលិត​ទឹកស្អាត​ប្រចាំថ្ងៃ​របស់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​មាន​ប្រមាណ ​៥៦​ម៉ឺន​ម៉ែត្រ​គីប​ តែ​តម្រូវការ​ជាក់ស្ដែង​ក្នុង​រដូវក្ដៅ​ប្រចាំ​ថ្ងៃនេះ​ អាចឈាន​ទៅដល់ ៧០ ម៉ឺន​ម៉ែត្រ​គីប​ក្នុង​មួយថ្ងៃ​។

​ជាក់ស្ដែង​រដ្ឋាករ​ស្វយ័ត​ក្រុងភ្នំពេញ ​ក៏មាន​ផែនការមេ​ច្បាស់លាស់​ដោះស្រាយ ​បញ្ហា​ផ្គត់ផ្គង់​ទឹកស្អាត​ផងដែរ​ ដោយ​រោងចក្រ​ផលិត​ទឹក​ស្អាត​ចំនួន ​៣​កន្លែង​ត្រូវបាន​សាងសង់ និង​សិក្សា ​នៅក្នុង​ខណ្ឌចំការមន ​ក្រុង​តាខ្មៅ ​និង​នៅ​ខាង​ បាក់​ខែង​ ដើម្បី​បំពេញតម្រូវការ​អោយ​បាន​សមស្រប​នាពេលខាងមុខ​។​

រោងចក្រខាងលើ គ្រោងនឹងសាង់សង់ក្នុងសង្កាត់បាក់ខែង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជិតស្តាតមរតកតេជោ នៅលើទំហំផ្ទៃដីប្រមាណ ១០ហិកតា ដែលនឹងមានការសាងសង់ ស្ថានីយបូមទឹកមួយ រោងចក្រផលិតទឹកស្អាត ២ និងប្រព័ន្ធបំពង់ទឹក ដែលយកប្រភពទឹកសំខាន់ពីទន្លេមេគង្គ ហើយអាចមានសមត្ថភាពផលិតទឹកបាន ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ដល់ការប្រើប្រាស់របស់ប្រជាជនចំនួន ៥ម៉ឺននាក់បន្ថែមទៀតទៅលើចំនួនអ្នកប្រើប្រាស់នាពេលបច្ចុប្បន្ន។

សូមបញ្ជាក់ផងដែរថា​ រោងចក្រ​ផលិត​ទឹកស្អាត​ធ្វើការ ​២៤​ម៉ោង​លើ ២៤​ម៉ោង ​ពុំមាន​ការឈប់​សម្រាក​ដើម្បី​ជួសជុល​ម៉ាស៊ីន​នោះទេ ​ពោល​ធ្វើយ៉ាងណា​បំពេញតម្រូវការ​ទឹកស្អាត​ ហើយឯកឧត្តម ស៊ឹម ស៊ីថា​ ក៏​សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ យោគយល់​អធ្យាស្រ័យ​ និង​ជួយ​សន្សំសំចៃ​ទឹក​ប្រើប្រាស់​ផង​ដែរ សម្រាប់​រយៈពេល​ក្ដៅ​នេះ​។

អត្ថបទ៖ ទួន កែវពិសី

0 មតិ

បញ្ចេញមតិ

RELATED ARTICLES