កាលពីព្រឹកថ្ងៃទី២២ ខែមីនា នេះឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅក្នុងកម្មពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ។

ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នេះ មានប្រវែងសរុប ១៩០គ.ម​ ០១០ម ដោយចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ហើយគន្លងនីមួយៗមានទទឹង ៣,៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ទៅ ១២០គ.ម ក្នុងមួយម៉ោង។

ជាមួយគ្នាផងដែរ ការសាងងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីជួយសម្រួលការធ្វើចរាចរពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ជារឿយៗតាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ និងជាខ្សែផ្លូវយុទ្ធសាស្ដ្រ និងដង្ហើមសេដ្ឋកិច្ច ដ៏សំខាន់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា។

បណ្តាញមួយតភ្ជាប់ផ្លូវទូទាំងប្រទេសរបស់ជាតិ និងអន្តរជាតិរាប់ពាន់គីឡូម៉ែត្រ ជាមួយរបៀងសេដ្ឋកិច្ចខាងត្បូងរបស់មហាអនុតំបន់មេគង្គ (បាងកក-ភ្នំពេញ-ហូជីមិញ) អនុរបៀងសេដ្ឋកិច្ចខាងត្បូង (បាងកក-ភ្នំពេញ-ត្រពាំងគ្រៀល-ថាប៊ូលីឡាវ) និងរបៀងសេដ្ឋកិច្ចឆ្នេរខាងត្បូង (បាងកក-ចាំយាម-ព្រែកចាក-ហាទៀង-ណាមកានវៀតណាម) ក៏ដូចជា តភ្ជាប់ផ្លូវហាយវេអាស៊ាន ជាពិសេស តភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗ ទាំង៣ របស់កម្ពុជា គឺរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ។

ដូច្នេះហើយក្រុងភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ ដែលជាតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ កាន់តែទាក់ទាញនិងធ្វើឱ្យកើនឡើងនូវការវិនិយោគ នៅក្នុងចរន្តសេដ្ឋកិច្ចជាតិ និងការកើនឡើងនូវទំហំមធ្យោបាយដឹកជញ្ជូន និងមធ្យាបាយធ្វើដំណើរកាន់តែមានទំហំធំឡើងៗ ដែលតម្រូវឱ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបន្ថែមទៀត សំដៅសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន របស់បងប្អូនប្រជាពលរដ្ឋ និងវិនិយោគិន។​

សូមជម្រាបផងដែរថា ជាមួយនិងគម្រោងដ៏ធំមួយនេះកាន់តែធ្វើឲ្យក្រុងទាំង៣ នៃប៉ូលសេដ្ឋកិច្ចសំខាន់ មានការរីកចម្រើនយ៉ាងខ្លាំងឡើង ជាពិសេសតាមប្រសាសន៍លោក លូ សាន ប្រធានសាជីវកម្មស្ពាន និងថ្នល់ចិន បានឲ្យដឹងថា នៅក្នុងគម្រោងនេះក្រុមហ៊ុននឹងរំពឹងថាទទួលបានបុគ្គលិកក្នុងស្រុកចំនួន ៦០០០នាក់ដោយផ្ទាល់ និងបង្កើតឱកាសការងារឲ្យប្រជាជនប្រមាណ១ម៉ឺននាក់ជាបន្តបន្ទាប់។

0 មតិ

បញ្ចេញមតិ

RELATED ARTICLES