រាល់ការរកស៊ី ឬវិនិយោគវិស័យអចលនទ្រព្យតែងតែមានហានិភ័យ ហើយក៏ជាមានឱកាសចំណេញខ្ពស់ផងដែរ។ តែហានិភ័យទាំងឡាយ យើងអាចគ្រប់គ្រងបាន ទោះបីមិនបាន១០០%ក្តី វាអាស្រ័យលើយើង ជាពិសេសកត្តាផ្ទាល់ខ្លួនតែម្តង មុនវិនិយោគ ឬរកស៊ីត្រូវគិតឲ្យបានម៉ត់ចត់ ជាពិសេសបញ្ហាហិរញ្ញវត្ថុ កុំលោភលន់ជ្រុកពេក ព្រោះអាចឲ្យយើងទទួលបរាជ័យយ៉ាងងាយ។

លោកបណ្ឌិតគីម ហ៊ាង ធ្លាប់បានលើកឡើងថា មានអ្នកទិញផ្ទះខ្លះជួបបញ្ហាបរាជ័យ មានកត្តាច្រើនយ៉ាង ហើយកត្តាធំបំផុត គឺមកពីខ្លួនឯងផ្ទាល់។ ឧទាហរណ៍៖ គាត់មានលុយ១០ម៉ឺនដុល្លារ ហើយតម្លៃផ្ទះ១ល្វែងត្រឹម៥ម៉ឺនដុល្លារ តែដោយសារលោភលន់ជ្រុកពេក គាត់អត់ទិញផ្ទះត្រឹម១ ឬ២ល្វែងទេ ទិញរហូតដល់៤ល្វែងឯណោះ ដោយគិតថា បើទិញ៤ល្វែងអស់២០ម៉ឺន សល់១០ម៉ឺនគាត់អាចខ្ចីធនាគារបាន។ ប៉ុន្តែការប្រាក់ធនាគារ នៅថ្ងៃសៅរ៍អាទិត្រ ឬបុណ្យទានមានរហូត ឲ្យតែដល់ថ្ងៃដឹងតែខាងធនាគារទារលុយហើយ។ បើគាត់ទិញត្រឹម១ល្វែង ឬ២ល្វែង មិនជួបបញ្ហាអីនោះទេ។

លោកបញ្ជាក់ថា រាល់បុគ្គលបរាជ័យក្នុងការរកស៊ីដីធ្លី កំហុសធំបំផុត គឺលោភលន់ជ្រុកពេក។ ក៏ប៉ុន្តែបើរកស៊ីដីធ្លីមិនលោភលន់មិនអាចក្លាយជាអ្នកមានបានទេ តែត្រូវសិក្សាពីខ្លួនឯងឲ្យច្បាស់ ថាយើងអាចរត់រួចឬអត់? ហើយកុំមើលឃើញក្នុងរយៈពេលខ្លី ត្រូវមើលវាក្នុងរយៈពេលវែងឆ្ងាយ ដូចជាផ្ទះតម្លៃ១០ម៉ឺន មាន៥ម៉ឺនក្នុងដៃខ្ចីធនាគារថែម ដឹងតែ៣ខែក្រោយលក់បានហើយ។ ក្នុងករណីនេះ មានន័យថាយើងអាចសង់ការប្រាក់ធនាគារបាន៣ខែ ចុះបានយើងលក់មិនដាច់ នៅពេលនោះនឹងមានវិបត្តិហរិញ្ញវត្ថុ ព្រោះផ្ទះទិញវិនិយោគលក់អត់ចេញ ត្រូវបង់ថ្លៃការធនាគារប្រចាំខែ។

ក៏ប៉ុន្តែ ដើម្បីទិញផ្ទះចំណេញលុយ ត្រូវសិក្សាស្វែងយល់អំពីម្ចាស់គម្រោងអភិវឌ្ឍន៍ជាមុនសិន ហើយនៅក្រុងភ្នំពេញយើងសព្វថ្ងៃមានគម្រោងរាប់សិបបុរី តែមានបុរីមិនច្រើនទេ ដែលទិញហើយចំណេញនោះ។ ទិញហើយចំណេញភាគច្រើន ទិញគម្រោងបុរីដែលល្បីឈ្មោះ ប្រជាជនស្គាល់ច្រើន ហើយទើបប្រកាសលក់មុនសាងសង់។ យើងទិញមុនគម្រោងសាងសង់ នៅពេលសាងសង់រយៈពេល២ខែក្រោយ បើយើងឆ្លាតលក់ចេញភ្លាមៗ មានឱកាសចំណេញពី៥ ទៅ១០%។

តម្លៃផ្ទះមិនចេះតែឡើងគ្រប់គម្រោងនោះទេ យើងត្រូវពិនិត្រមើលលក្ខខណ្ឌភូមិសាស្ត្រតំបន់ជុំវិញគម្រោងយើងទិញបច្ចុប្បន្នមានអ្វីខ្លះ ហើយអនាគតនឹងមានអ្វីកើតឡើងខ្លះ។

កត្តាសំខាន់មួយទៀត គឺផ្លូវច្បាប់ទាក់ទងប្លង់រឹង បើមានប្លង់រឹងស្រាប់ ធានាដល់ការងាយស្រួលលក់ និងភាពច្បាស់លាស់របស់គម្រោង។ ក៏ប៉ុន្តែងប្លង់ទន់អាចមាន២ករណី៖ ម្ចាស់គម្រោងមានប្លង់រឹងតែគេរត់ការត្រឹមប្លង់ទន់ឲ្យយើង បើចង់បានប្លង់រឹងយើងអាចចេញលុយរត់ការខ្លួនឯង ករណីនេះអាចទទួលយកបាន។ ហើយករណីមួយទៀត គឺម្ចាស់គម្រោងអត់ប្លង់រឹង ហើយយើងចង់រត់ការយកប្លង់រឹងក៏អត់បានដែរ ដូច្នេះត្រូវពិចារណា ច្បាស់ជាតំបន់នេះមានបញ្ហាហើយ អ្នកវិនិយោគមិនគួរទិញគម្រោងប្រភេទនេះទេ៕

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

0 មតិ

បញ្ចេញមតិ

RELATED ARTICLES