មិនថាតែនៅកម្ពុជាយើងទេ សូម្បីតែនៅបណ្តាប្រទេសធំៗជុំវិញសកលលោកយើងនេះ ក៏មានមនុស្សមិនច្រើននាក់ដែរ ដែលហ៊ានលះបង់ប្រាក់ខែ ដើម្បីមកសម្រចក្តីស្រមៃរបស់ខ្លួន​នោះ បើទោះបីជាពួកគេមានសម្ពាធពីថ្នាក់ដឹកនាំក៏ដោយ។ ព្រោះថាការធ្វើអាជីវកម្មដោយខ្លួនឯង វាមានហានិភ័យខ្លាំងណាស់ក្នុងការបរាជ័យ និងមិនងាយស្រួលដូចធ្វើជាកូនឈ្នួលគេឡើយ។

ខុសពីមនុស្សដទៃផ្សេងទៀត ដែលខ្លាចមិនហ៊ានចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង លោក ភឿង សំបូរ ស្ថាបនិកហាងកាហ្វេ GEO Coffee ដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ បានបោះបង់ការងារដែលអាចរកចំណូលបានប្រមាណជិត ៥០០ដុល្លារ ដើម្បីមកចាប់យកអាជីវកម្មដែលខ្លួនស្រលាញ់តាំងតែពីក្មេងមក។

នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia សហគ្រិនដែលបានបញ្ចប់ការសិក្សាផ្នែកគណនេយ្យ មកពីវិទ្យាស្ថានវ៉ាន់ដា លោក ភឿង សំបូរ បានលើកឡើងថា នៅក្នុងឆ្នាំ២០០៩ ពោលគឺជាឆ្នាំដែលលោកមករស់នៅភ្នំពេញដំបូង បានធ្វើឲ្យលោកមានការនិយមចូលចិត្តញ៉ាំកាហ្វេជាខ្លាំង  ហើយក៏មានបំណង់ចង់បង្កើតហាងកាហ្វេមួយនៅពេលនោះផងដែរ តែដោយសារគ្មានថវិកា និងគ្មានបទពិសោធន៍ទៅលើកាហ្វេសោះ បានធ្វើឱ្យលោកមិនអាចចាប់ផ្តើមបាន។

ក្រោយពីមានក្តីស្រមៃមួយដ៏ធំនៅក្នុងជីវិតហើយ សហគ្រិនរូបនេះ មិនបានចំណាយពេលយូរប៉ុន្មាននោះទេ ដើម្បីស្វែងរកកន្លែងការងារណា ដែលអាចផ្តល់ចំណេះដឹងទាក់ទងទៅនឹងការឆុងកាហ្វេ និងការគ្រប់គ្រងហាងផ្សេងៗ ដើម្បីជាស្ពានឈានឱ្យគាត់អាចបង្កើតហាងកាហ្វេមួយដោយខ្លួនឯងបាន នាពេលអនាគត។

បន្ទាប់ពីបានបម្រើការងារនៅក្នុងហាងកាហ្វេ និងហាងធ្វើនំប៉័ងអស់មួយរយៈពេលខ្លី បានធ្វើឱ្យសហគ្រិនវ័យ ៣០ ឆ្នាំម្នាក់នេះ មានឱកាសសន្សំបទពិសោធន៍ និងលុយបានមួយចំនួន សម្រាប់បើកហាងកាហ្វេមួយកន្លែងតាមក្តីស្រមៃនៅក្នុងឆ្នាំ២០១៧ ដោយចំណាយដើមទុនប្រមាណជិត ៥ពាន់ដុល្លារអាមេរិក ដែលមានភាគហ៊ុនជាមួយមិត្តជិតស្និទ្ធម្នាក់។

លោក ភឿន សំបូរ បានសង្កត់ធ្ងន់ផងដែរថា ហាងកាហ្វេរបស់គាត់បច្ចុប្បន្ននេះ មិនទាន់ហ៊ានប្រកួតប្រជែងជាមួយនឹងហាងកាហ្វេធំៗដទៃទៀតនៅឡើងទេ ប៉ុន្តែលោកជឿជាក់ថា គុណភាព នឹងរស់ជាតិ របស់លោកគឺមិនចាញ់ហាងកាហ្វេទាំងអស់នោះឡើយ ជាពិសេសហាងកាហ្វេ កម្រិតមធ្យមដូចគ្នា ៕

អត្ថបទដោយ៖ សុងលី

0 មតិ

បញ្ចេញមតិ

RELATED ARTICLES