ក្រុមហ៊ុន Alibaba របស់មហាសេដ្ឋីអាស៊ី Jack Ma បានដាក់ទុនវិនិយោគ ដោយទុកដាក់ក្រុមហ៊ុនផ្នែកដឹកជញ្ជូន Ele.me ដែលមានតម្លៃជាង១២ពាន់លានដុល្លារ ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Alibaba មួយនេះផ្តាច់មុខសម្រាប់ដឹកជញ្ជូនឲ្យភ្ញៀវស្តាបាក ដែលកុម្ម៉ង់តាមទូរស័ព្ទដៃទូទាំងទីក្រុងធំៗរបស់ប្រទេសចិន ខណៈចិនជាទីតាំងសក្តានុពលដ៏ធំរបស់ស្តាបាកដែលយីហោនេះប្រឹងប្រែងពង្រីកខ្លួនឲ្យខ្លាំងមុនចូលដល់ឆ្នាំ២០២២។

នាយកប្រតិបត្តិក្រុមហ៊ុនកាហ្វេ Starbucks លោក Kevin Johnson លើកឡើងថា អតិថិជនដែលកំពុងប្រើប្រាស់ Alipay ឬ Taobao ឬ Tmall ឬ Hema អាចញាំកាហ្វេ Starbucks តាមការបញ្ជាទិញតាម App យ៉ាងងាយស្រួលបំផុត ​ខណៈ​បច្ចុប្បន្ន​មាន​ចំនួនអ្នកប្រើប្រាស់យ៉ាងច្រើនលើសលប់រហូតដល់ជាង៥០០លាននាក់​ឯណោះ នៅលើផ្សារទំនិញ​អនឡាញដ៏ពេញនិយមទាំងនេះ។

ចំណែក អគ្គនាយកក្រុមហ៊ុន Starbucks ប្រចាំប្រទេសចិន លោក Belinda Wong​ បានប្រាប់​វិនិយោ​គិនថា “សេវាកម្មដឹកជញ្ជូនថ្មីរបស់យើងនឹងឆ្លើយតបទៅតាមតម្រូវការនៃអតថិជន និងមាន​ស្តង់ដារខ្ពស់​បំផុត​ដែលអតិថិជនរបស់យើងនៅក្នុងប្រទេសចិនបានរំពឹងទុក នៅពេល​យើងពង្រីក​អាជីវកម្ម​នេះបានសម្រេច”

គួរជម្រាបថា ស្តាបាកអាចរកប្រាក់ចំណេញបាន២.៩ពាន់លានដុល្លារកាលពីឆ្នាំ២០១៧  ដែលធ្វើឲ្យយីហោមួយនេះកើនតម្លៃដល់៧០.៩ពាន់លានដុល្លារ ។ស្តាបាកជាហាងកាហ្វេធំបំផុតនៅលើពិភពលោកជាមួយនឹងទីតាំងលក់រាយចំនួនជាង២ម៉ឺន៧ពាន់សាខា បើតាមទិន្នន័យចុងក្រោយបង្អស់គិតត្រឹមពាក់កណ្តាលឆ្នាំចាស់២០១៨មក៕

អត្ថបទដោយ ៖NOUN VANNAK

Facebook: NOUN VANNAK

0 មតិ

បញ្ចេញមតិ

RELATED ARTICLES