តើលោកអ្នកធ្លាប់ឃើញទ្បាន Ford ​រត់នៅលើដងផ្លូវស្រុកខ្មែរទេ? ​​ប្រាកដណាស់ទ្បានដែល​មនុស្សរាប់លាន​ចង់ជិះនេះ​ត្រូវបានកសាងទ្បើង ដោយ​លោក​​ Henry Ford ដែលលោកត្រូវបាន ជាប់ឈ្មោះជាសហគ្រិនឆ្នើមបំផុត​របស់អាមេរិក​សម្រាប់សតវត្សទី២០។ ​​បុរសម្នាក់នេះ​មានក្បួនរកស៊ីល្អបំផុត​៣ ​ដែលខ្ញុំចង់ចែករំលែក​ទៅ​ទាំងអស់គ្នា៖

១ កសាងប្រសិទ្ធិភាពនៅក្នុងក្រុមហ៊ុន

ដោយបានចេញធ្វើការនៅក្រុមហ៊ុន Thomas Edison ផលិតគ្រឿងអេទ្បិចត្រូនិក​​តាំងពីអាយុជាង​១៦ឆ្នាំ​មក ​លោក Henry ​បានរៀនសូត្រយ៉ាងច្រើនពីគ្រឿងម៉ាស៊ីន។ ​គាត់ចូលចិត្តម៉ាស៊ីនណាស់​​ហើយ​គាត់ជឿថា​ម៉ាស៊ីន​នេះ​ហើយ​ ជាអនាគត​សម្រាប់ប្រជាជនអាមេរិក។ ​​គាត់បានស្រមៃឃើញ​ថា​ម៉ាស៊ីន​នឹងដើរតួនាទីសំខាន់​ក្នុងការលើ​កំពស់ជីវភាព​របស់មនុស្សរាប់លាននាក់។

ចេញពីការស្វែងយល់នេះ​ហើយដែលលោក​បានផ្តោតសំខាន់បំផុត​គឺប្រសិទ្ធិភាព​របស់ម៉ាស៊ីន​ ហើយពាក្យ​ ”ប្រសិទ្ធិភាព” ​បានក្លាយ​ជា​​គោលការណ៍ធំបំផុត​ក្នុងដឹកនាំក្រុមហ៊ុនដែលលោក Henry បានចាប់ផ្តើមកាលពីឆ្នាំ 1901។ ​គាត់បានចំណាយពេលយ៉ាងច្រើន ​​នៅក្នុងរោងចក្រ​របស់លោក ​ឆ្កិះនេះ​ឆ្កិះនោះ ​ដើម្បីធ្វើឲ្យដំណើរការផលិត​ទ្បាន​របស់លោក​មានប្រសិទ្ធិភាពជាមុន។ ​ដោយបានបញ្ចេញគំនិត​កែកុនយ៉ាងច្រើន ​ទីបំផុត​ទៅ​​ក្រុមហ៊ុន​ Ford បានផលិតនូវទ្បាន​ម៉ូដែលធី​ដែលមនុស្សរាប់លាននាក់ មានលទ្ធភាពក្នុងការប្រើប្រាស់​ ហើយម៉ូដែលមួយនេះ​ហើយដែលបានលើកមុខមាត់​យីហោទ្បាន Ford​រហូតដល់សព្វថ្ងៃ។

២​ ផ្តល់ប្រាក់ខែខ្ពស់ ដើម្បីបុគ្គលិកមានលុយទិញទ្បានជិះ

វាជារឿងដែលគួរឲ្យអស្ចារ្យណាស់ ដែលសហគ្រិនរូបនេះគិតគូរដល់​បុគ្គលិក​និងកម្មករ​រោងចក្រ​របស់លោក ​រហូតដល់គិតថា​ត្រូវធ្វើឲ្យបុគ្គលិកមានលុយទិញទ្បានជិះទៀតនោះ។​គាត់បានតម្លើងប្រាក់បៀវត្ស​ជាបន្ត​បន្ទាប់​ពី២ដុល្លារទៅ៣ដុល្លារហើយរហូតដល់​ជាង​៥ដុល្លារ។

ទាំងអស់គ្នានាំគ្នាស្រមៃមើលបន្តិចថា ​ខណះពេលដែលបច្ចុប្បន្ន​ប្រាក់បៀវត្សមធ្យម​នៅអាមេរិក​មានត្រឹមតែ​១៥ដុល្លារ​ក្នុងមួយម៉ោង ​​​ហើយកាលពីជាង៧០ឆ្នាំមុន​ប្រាក់បៀវត្ស​របស់បុគ្គលិក​ក្រុមហ៊ុន​Ford មានរហូតដល់​៥ដុល្លារឯនោះ។ ​គោលការណ៍មួយនេះ​បានធ្វើឲ្យក្រុមហ៊ុន​ក្លាយជាក្រុមហ៊ុនគំរូបំផុត​មួយ​របស់អាមេរិក​នៅក្នុងសតវត្សទី២០។

៣ ​ចែកប្រាក់ចំណេញជាមួយបុគ្គលិក

ប្រាក់ខែខ្ពស់ជារឿងមួយ ​ការចែកប្រាក់ចំណេញជាមួយបុគ្គលិក​ជារឿងដែលមនុស្សពេញអាមេរិក​មិនសសើរមិនបាន។ ​ចេញគោលការណ៍នេះ​ភ្លាម​​មនុស្សរាប់មុឺននាក់នាំគ្នាតម្រង់ជួរ​ដាក់ពាក្យចូល​ធ្វើការនៅក្រុមហ៊ុន Ford ​ហើយ​លោក Henry ​ត្រូវបានគ្រប់សារពត៌មាន​សសេរចុះផ្សាយរឿងជាច្រើន​បំផុត​របស់គាត់​ស្ទើរតែគ្មានសុសថ្ងៃនោះទេ។

អត្ថបទដោយ៖ ​សំ កុសល អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ" សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់ថ្មីៗនេះ ទំនាក់ទំនងភ្នាក់ងារលក់ 092 575823 ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal

0 មតិ

បញ្ចេញមតិ

RELATED ARTICLES