លោក Qiu Bing អតីតអ្នកកាសែត បានបង្កើតអាជីវកម្មសារព័ត៌មានជាង ១៤ឆ្នាំ ប្តូរមកបង្កើតវីដេអូដែលមានរយៈពេលខ្លី រកចំណូលខ្ទង់ពាន់លានដុល្លារអាមេរិក។

លោក Qiu Bing បានប្រឡូកការងារជាអ្នកកាសែត និងបានបង្កើតអាជីវកម្មខាងសារព័ត៌មានដែលមានឈ្មោះថា Oriental Morning Post អស់រយៈពេលជិត ២០ឆ្នាំ ស្របតាមចំណង់ចំណូលចិត្តរបស់លោក ប៉ុន្តែលោកត្រូវផ្លាស់ប្តូរអាជីវកម្មនេះ មកបង្កើតជាវីដេអូខ្លីជំនួសឲ្យការងារទាំងនោះទៅវិញ។

Qiu Bing បានមានប្រសាសន៍ថា៖ “ខ្ញុំជាមនុស្សដែលងប់ងុលនឹងពាក្យថ្មីៗ និងការស្រាវជ្រាវពាក្យពេចន៍ ប្រើប្រាស់ពាក្យពេចន៍។ ជាងនេះទៅទៀត ខ្ញុំពេញចិត្តការងារជាអ្នកសរសេរព័ត៌មានជាខ្លាំង និងសរសេរដោយប្រើប្រាស់ពាក្យពេចន៍បង្ហាញពីអារម្មណ៍របស់ខ្ញុំ។ ខ្ញុំយល់ថា ការប្រើប្រាស់ពាក្យពេចន៍ មានឥទ្ធិពលយ៉ាងខ្លាំងទៅអត្ថបទដែលយើងបានសរសេរ។​”

លោកបានប្រសាសន៍បន្ថែមទៀតថា៖ លោកត្រូវផ្លាស់ប្តូរបរិបទការងារពីការសរសេរមកជាការផលិតវីដេអូខ្លីៗវិញ ដោយសារតែមនុស្សសម័យនេះ មិនសូវចូលចិត្តការអានកាសែតដូចកាលពីជំនាន់ឆ្នាំ ៨០ ឫ ៩០ឡើយ។ “វាពិតជាពិបាកខ្លាំងណាស់ ក្នុងការអូសទាញមនុស្សណាម្នាក់ឲ្យមកអាចអក្សរប្រមាណ ៤,០០០ ទៅ ៥,០០០ពាក្យនោះ។​”

ស្របពេលជាមួយគ្នានេះ បច្ចុប្បន្ន ប្រទេសចិនបានវិវឌ្ឍន៍មកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណេត 5G គួបផ្សំនឹងតម្លៃថោក ដែលធ្វើមនុស្សកាន់តែច្រើនឡើង ងាកមកប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងទូរស័ព្ទស្មានហ្វូន។ ហេតុនេះហើយ ទើបលោកជឿជាក់យ៉ាងច្បាស់ក្នុងចិត្តថា មនុស្សនឹងចំណាយពេលកាន់តែច្រើនឡើងជាមួយនឹងបច្ចេកវិទ្យាទាំងនេះ ភាពខ្ចិលច្រអូសរបស់ពួកគេ នឹងអូសទាញពួកគេឲ្យមើលវីដេអូ ជាជាងការអានទៅវិញ។​

ប៉ុន្តែការយល់ឃើញរបស់មនុស្សមិនដូចគ្នាទេ លោកបានប្រឈរមុខនឹងបញ្ហាក្នុងស្វែងរកបុគ្គលិកដែលយល់ពីគោលដៅរបស់លោក ពិសេសយល់ពីការបង្កើតវីដេអូខ្លីៗ ហើយរូបលោកផ្ទាល់បានសិក្សាបន្ថែមទៅលើការបង្កើតវីដេអូ និងសិក្សាពីអ្វីទៅជាការរកលុយតាមគេហទំព័រ។

ការប៉ាន់ស្មានរបស់លោកពិតជាត្រូវ មិនប៉ុន្មានឆ្នាំផង លោកអាចរកចំណូលពីការបង្កើតវីដេអូខ្លីនេះបានយ៉ាងច្រើននៅលើគេហទំព័ររបស់លោកដែលឈ្មោះថា Pear Video ដែលប្រមូលផ្តុំទៅដោយវីដេអូខ្លីជាច្រើន ព្រមជាមួយនឹងការបង្កើត App ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកចូលចិត្តមើល Pear Video ថែមទៀតផង។

កិច្ចការនេះចេះតែរលូនទៅធ្វើឲ្យក្រុមហ៊ុនលោករីកចម្រើនឡើងជាលំដាប់ រហូតមានបុគ្គលិកបម្រើការងារដល់ទៅ ៣០០នាក់ និងអាចផលិតវីដេអូបានរហូតដល់ទៅជាង ១,០០០វីដេអូ ក្នុងមួយថ្ងៃ និងមានអ្នកមើលវីដេអូប្រមាណ ៦០០លាននាក់ ក្នុងមួយថ្ងៃ។​

លោក Qiu Bing បានបញ្ជាក់ផងដែរថា៖ តាមការប៉ាន់ប្រមាណរបស់លោក ក្រុមហ៊ុនលោកអាចនឹងរកចំណូលបាន ១៣.៩ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ ដោយសារចំនួនអ្នកមើលចេះតែកើនឡើង ដែលរុញច្រានឲ្យអ្នកផ្សព្វផ្សាយ និងអ្នកសុំផលិតវីដេអូ កើនឡើងដូចគ្នាដែរ

 

អត្ថបទដោយ៖ MENG SONGHUA

Songhua.businesscambodia@gmail.com

0 មតិ

បញ្ចេញមតិ

RELATED ARTICLES