ការកំណត់ពាក្យ«អាជីវកម្ម ឬការរកស៊ី» ត្រូវបានមនុស្សមួយចំនួនធំយល់ខុសលើអត្ថន័យជាក់ស្តែង ស្គាល់តែទិដ្ឋភាពខាងក្រៅ តែមិនយល់ស៊ីជម្រៅនៃខ្លឹមខាងក្នុងរបស់វាឡើយ។ គោលដៅធំនៃការចេញរកស៊ី ដែល Business Cambodia បានផ្តល់និយម គឺជាបំពេញតម្រូវការសង្គម ដែលមានចំណុចខ្វះខាត និងការចូលរួមអភិវឌ្ឍន៍សង្គម តាមរយៈការធ្វើជំនួញ ឬរកស៊ី មិនមានគោលដៅក្លាយជាអ្នកមាននោះទេ។ ក្លាយជាអ្នកមាន គ្រាន់តែជាលទ្ធផលហុចឲ្យ ពេលយើងរកស៊ីជោគជ័យ អាចដោះស្រាយបញ្ហាសង្គមបានតែប៉ុណ្ណោះ។ តែត្រូវបានសហគ្រិនភាគច្រើន បានផ្តល់អត្ថន័យ ឬកំណត់គោលដៅត្រឹមភាពក្លាយជាអ្នកមាន ជាចំណុចស្នូលនៃការចេញរកស៊ីរបស់ពួកគេប៉ុណ្ណោះ។

លោកសំ កុសល ស្ថាបនិក Business Cambodia យល់ឃើញថា «ការចេញរកស៊ី ដែលសហគ្រិនដាក់គោលដៅ ដើម្បីក្លាយជាអ្នកមាន ឬមហាសេដ្ឋី ពិតជាកំហុសធំមួយរបស់សហគ្រិនទើបចេញរកស៊ីថ្មីថ្មើង ព្រោះបើចេញរកស៊ី ដើម្បីអ្នកមាន ឬមហាសេដ្ឋី មានន័យថា យើងចេញរកស៊ី ដើម្បីលុយ គ្មានក្តីស្រមៃខ្លួនឯងច្បាស់លាស់នោះទេ ចេញរកស៊ីតាមតែគ្នាតែប៉ុណ្ណោះ។ សហគ្រិនចេញរកស៊ីដើម្បីលុយភាគច្រើន ខ្វះក្តីស្រមៃក្នុងការចេញរកស៊ី ខ្វះគំនិចច្នៃប្រឌិតលើអាជីវកម្ម ចូលចិត្តរកស៊ីតាមគេ ឃើញគេរកស៊ីមានបាន ធ្វើតាមគេដែរ»។

លោកសំ កុសល បានបញ្ជាក់ថា គោលដៅនៃការចេញរកស៊ី ត្រូវតែជាគោលដៅ សម្រាប់ដោះស្រាយបញ្ហាសង្គម មិនមែនក្លាយជាមហាសេដ្ឋីដូចបុគ្គលមួយចំនួនយល់ឃើញនោះទេ។ ការចេញរកស៊ី សម្រាប់ដោះស្រាយមនុស្ស មានអត្ថន័យធំធេងជាងអ្វីៗទាំងអស់ ចំពោះសហគ្រិន ព្រោះនៅពេលគាត់ជោគជ័យអាចដោះស្រាយបញ្ហាមនុស្សរាប់លាននាក់ លទ្ធផលដែលសង្គម ឬអតិថិជនតបស្នងមកវិញ គាត់និងក្លាយជាអ្នកមានដោយស្វ័យប្រវត្ថតែម្តង។

                         

លោកបន្ថែមថា សហគ្រិនមានគោលដៅចេញរកស៊ី ដើម្បីដោះស្រាយបញ្ហាសង្គម មិនខ្វល់រឿងលុយនោះទេ ខ្វះតែរឿងដោះស្រាយបញ្ហាសង្គមឱ្យបាន ជាក់ស្តែងមហាសេដ្ឋីពិភពលោក៣នាក់ មាន Bill Gates, Steve Jobs, ស្ថាបនិក Facebook ជាដើម សុទ្ធសឹងតែជាបុគ្គលចេញរកស៊ី ដើម្បីដោះស្រាយ និងចូលរួមចំណែកអភិវឌ្ឍន៍សង្គម រហូតទទួលបានលទ្ធផលជោគជ័យលើការងារ និងក្លាយជាសេដ្ឋីប្រាក់ពាន់លានតែម្តង។ ជាការពិតនៅពេលយើងដោះស្រាយបញ្ហារបស់អតិថិជនបាន នោះពួកគេនិងតែងនិយមប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់យើងកាន់តែច្រើនមិនខាន ជាជាងសហគ្រិនចង់បានតែលុយ មិនគិតពីអតិថិជន។

ចំណែកលោកឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ មានប្រសាសន៍ថា សហគ្រិនដែលមានគោលដៅចេញរកស៊ី ដើម្បីក្លាយជាអ្នក ឬមហាសេដ្ឋីមិនខុសនោះទេ ព្រោះគេអាចកំណត់គោលដៅរៀងៗខ្លួន ដែលពួកគេចង់បាន តែគ្រាន់បើយកលុយជាធំ ច្បាស់ណាស់គ្រប់កិច្ចការមិនអាចទទួលបានជោគជ័យនោះទេ។ ជាពិសេសសហគ្រិនថ្មីៗ ឬអ្នកត្រៀមចេញរកស៊ី ត្រូវគិតឱ្យបានស៊ីជម្រៅ កុំគ្រាន់តែឃើញគេមានបាន ដោសារមុខជំនួញ ចង់ចេញរកស៊ីតាមគេឱ្យសោះ។

លោកឧកញ៉ា បន្តថា ការដាក់គោលដៅជាសំខាន់បំផុត ក្នុងការសម្រេចចិត្តចេញរកស៊ី បន្ទាប់មកនៅមានកត្តាជាច្រើនទៀត ដែលរុញច្រានឱ្យអាជីវកម្មទទួលបានជោគជ័យ មិននៅត្រឹមតែកំណត់គោលដៅត្រូវ ឬខុសនោះទេ។ គ្រាន់តែបើយើងកំណត់គោលដៅខុស ធ្វើឱ្យយើងកំណត់ផ្លូវដើរខុសដែរ លទ្ធផលបរាជ័យលើអាជីវកម្ម។

យើងមិនអាចឲ្យប្រាកដថា សហគ្រិនជោគជ័យលើពិភពលោកភាគច្រើន មានគោលដៅបែបណានោះទេ តែច្រើនជាអាជីវកម្មដែលបានចូលរួមចំណែកអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាសង្គមបានច្រើន ដូចជាក្រុមហ៊ុនMicrosotf, Facebook និងក្រុមហ៊ុនឡានជាដើម។ ពេលដែលគេអាចដោះស្រាយបញ្ហាសង្គម ឬបំពេញតម្រូវការដល់មនុស្សបានកាន់តែច្រើន អាជីវកម្មរបស់គេកាន់តែរីកចម្រើនទៅមុខ។ ចំណុចគន្លឹះនេះ អាចឆ្លុះបញ្ចាំងនូវអត្ថន័យនៃពាក្យថា«អាជីវកម្ម ឬការចេញរកស៊ី» ដែលBusiness Cambodia បានកំណត់។

សហគ្រិនត្រូវមានបេះដូងស្មោះត្រង់ដែលសំខាន់បំផុតទៀតនោះ គឺស្មោះត្រង់ចំពោះសង្គមជាតិ និងពិភពលោ​ក​ទាំ​ង​មូ​ល យើងមិនអាចជោគជ័យទៅបាន នៅពេលយើងរកស៊ីមិនមានបេះដូងស្មោះត្រង់តែសោះចំ​ពោះ​ស​ង្គមជាតិ និ​ង​ពិភពលោកនោទេ។ ជោគជ័យអាជីវកម្មនៅថ្ងៃនេះ តែផ្តល់ប៉ះពាល់ដល់សង្គមជាតិ មានច្រើនឥ​ត​គ​ណនា តើអ្នកពិតជាសុខចិត្ត រកស៊ីដោយអត្មានិយមបែបនេះដែរឬទេ? បើសង្គមមិនរីកចម្រើន អាជីវកម្មភា​គច្រើនក៏មិនរីកចម្រើនតាមនេះដែរ។

ជំនួញណារកស៊ីហើយ ឱ្យគេទឹកភ្នែក ឱ្យគេរងទុក្ខវេទនា មិនយូរទេ អា​ជីវ​កម្មនេះនឹងដួលរំលំមិនខានឡើយ គ្មានថ្ងៃជោគជ័យទៅបាននោះទេ។ ព្រោះអាជីវកម្មរកស៊ីជោគជ័យទៅបា​ន លុះត្រាតែសង្គមមានការអភិវឌ្ឍន៍ មានការរីកចម្រើនទៅមុខ។

សហគ្រិនដែលមានបេះដូងស្មោះត្រង់ពិតប្រាកដ ហ៊ានរហូតដល់លះបង់អ្វីៗដែលខ្លួនមាន ដើម្បីប្តូរមកវិញនូវភាពជោគជ័យរបស់ក្រុមការងារ ហ៊ានខាត ដើម្បីអតិថិជន សង្គម ទោះខ្លួនត្រូវខាតបង់ធំប៉ុណ្ណាក៏ដោយចុះ។ វាជាការពិបាកណាស់ សម្រាប់សហគ្រិនក្នុងការលះបង់បែបនេះ តែវាជាបេះដូងដ៏ស្មោះត្រង់មួយ ដែលសហគ្រិននាសតវត្សថ្មី គួរតែប្រកាន់ខ្ជាប់ បើខ្លួនពិតជាចង់រកស៊ីជោគជ័យមែននោះ។ សហគ្រិនខ្លះឈានដល់ការបោះបង់ក្រុមហ៊ុនចោល ព្រោះតែបន្តរកស៊ីទៅ នាំទុក្ខវេទនាដល់អតិថិជន បង់ខាតដល់សង្គមជាតិ ទោះខ្លួនមា​នឱកាសចំណេញច្រើនកប់ក្តោងយ៉ាងណាក៏ដោយ។

សហគ្រិនដែលមានបេះដូងបែបនេះ គឺមានតម្លៃបំ​ផុ​ត សាកសមនិងទទួលបានជោគជ័យខ្លាំងណាស់ ព្រោះគេតែងគិតថា មានតែភាពជោគជ័យរបស់ក្រុមការ​ងា​រ អ​តិថិជន និងសង្គមទាំងមូលទេ ជាជោគជ័យពិតប្រាកដរបស់ខ្លួន។

យើង​អាច​សង្កេ​តឃើញសង្គមរីកចម្រើន​ទាំងឡាយ មានសុទ្ធតែសហគ្រិនឆ្នើម​ៗ មហាសេដ្ឋី​ពូកែៗ មា​​ន​​ក្រុមហ៊ុន​ធំៗគ្រប់​គ្រង​ ដែលបាន​ចូលរួមចំណែកអភិវឌ្ឍន៍ ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ​បាន​យ៉ាង​ច្រើន​  ធ្វើ​​យ៉ាង​​ណា​លែង​ឱ្យ​សង្គមជាតិ​មានបញ្ហា និងបន្ត​អភិវឌ្ឍន៍បន្ថែម​ទៀត តាមរយៈ​ផ​លិត​ផ​ល​ និង​ការផ្តល់​ការ​ងា​រ​ឱ្យ​​ប្រជា​ពលរដ្ឋ​ធ្វើ​ជាដើម។ សង្គមជាតិនៅ​ក្រីក្រ សហគ្រិនក៏ក្រ បើសង្គមជាតិរីកចម្រើន សហគ្រិនក៏រីកច​ម្រើ​ន​ដែល៕

អត្ថបទដោយ៖ ម៉ន វុទ្ធា  Email: vuthea.businesscambodia@gmail.com,Facebook:Morn Vuthea

អ្នកនិពន្ធសៀវភៅ«សហគ្រិនអចលនទ្រព្យជំនាន់ថ្មី» ត្រៀមចេញផ្សាយឆាប់ៗនេះ

0 មតិ

បញ្ចេញមតិ

RELATED ARTICLES